បច្ចេកទេស​ចិញ្ចឹម​គោ

ខ្ញុំបាទបានសួរលោកថា តើកសិករត្រូវមានដីប៉ុន្មានទៅទើបអាចចិញ្ចឹមគោបានច្រើនដូចលោក? លោក នូវ កាស៊ី មានប្រសាសន៍ថា បើចេះចែកដីជាការ៉េៗ ក្នុងដី ២០-៣០ហិកតារ គេអាចចិញ្ចឹមគោបានពីជាង ១០០ទៅ ២០០ក្បាល។

លោក នូវ កាស៊ី មានប្រសាសន៍ដូច្នេះ ៖ «ក្នុងដីមួយហិកតារគោដាក់បាន ៥ទៅ៦ក្បាលប៉ុណ្ណឹងទេ អាហ្នឹងបើសិនជាលែងឲ្យវាដើរស៊ីសេរី ប៉ុន្តែបើសិនជាយើងចេះច្នៃទៅវិញ ដី ២០-៣០ហិកតារ អាចចិញ្ចឹមគោបានជាង ១០០ ឬក៏ដល់ទៅ ២០០ក្បាល។ ហេតុអីបានអ៊ីចឹង គឺថាគេចែកវាលស្មៅហ្នឹងឲ្យទៅជាការ៉េៗ ក្នុងមួយការ៉េយើងដាក់ ២ហិកតារ ឬ៣ហិកតារទៅ ឧបមា ៣០ហិកតារឲ្យបាន ១០ការ៉េ មួយការ៉េ ៣ហិកតារ ក្នុង ៣ហិកតារហ្នឹងគោស៊ីមួយថ្ងៃ ស្អែកឡើងទៅ ៣ហិកតារទៀត ស្អែកមួយទៀតចូលទៅការ៉េមួយទៀត ទម្រាំវិលមកដល់ការ៉េដើមវិញ ស្មៅមួយៗហ្នឹងបានសម្រាក១០ថ្ងៃ។ ក្នុងពេលដែលស្មៅបានសម្រាក ១០ថ្ងៃហ្នឹង  គឺថាស្មៅដែលប្រឡាក់ពីលាមកគោ ទឹកនោមគោ ដែលវាស៊ីថ្ងៃទី១ហ្នឹង វាត្រូវសម្អាតដោយសារភ្លៀង បើអត់ភ្លៀងទេសម្អាតដោយសារទឹកសន្សើមពេលព្រឹក ហើយនិងមេរោកបាក់តេរីទាំងប៉ុន្មានហ្នឹងត្រូវស្លាប់អស់ដោយសារពន្លឺ ថ្ងៃ។ អ៊ីចឹងពេលគោត្រឡប់មកវិញមកស៊ីស្មៅហ្នឹងវិញ ស្មៅស្អាតអនាម័យល្អមែនទែន ហើយដុះល្អទៀត ១០ថ្ងៃក្រោយមកស្មៅដុះល្អ អ៊ីចឹងគោអត់មានស្គមទេ គោធាត់»។

លោកមានប្រសាសន៍ប្រាប់ថាល្បិចម្យ៉ាងដែលលោកប្រើក្នុងការលែងគោ ឲ្យដើរស៊ីស្មៅក្នុងការ៉េដីនោះ គឺលោកបានព័ទ្ធការ៉េនោះដោយខ្សែលួស ដែលលោកភ្ជាប់ភ្លើងអគ្គិសនីពីធុងអាគុយដោយបើកបញ្ចូលភ្លើងឲ្យ ខ្លាំងល្មមគ្រាន់ខ្សែលួសនោះឆក់បន្តិចបន្តួច ៖ «តាមការខ្វះខាត ហើយខ្ញុំទៅរៀនសូត្រពីបទពិសោធន៍ដែលគេធ្វើមុនៗមក គឺខ្ញុំអូសខ្សែលួសតែ២ខ្សែទេមួយការ៉េៗហ្នឹង។ គឺថាមុននឹងខ្ញុំអូសខ្សែលួសពីរខ្សែហ្នឹងតាមការ៉េហ្នឹង ខ្ញុំដាក់កន្លែងគាត់សម្រាកថ្ងៃហ្នឹង ខ្ញុំព័ទ្ធខ្សែលួស ខ្ញុំចាប់ខ្សែភ្លើង មិនមែនខ្សែភ្លើងឆក់ងាប់ទេ ប្រដាប់មួយគ្រាន់តែសម្រាប់ផ្ទាត់ស្បែកគាត់ប៉ះ…។ ៤-៥ថ្ងៃគាត់ស្គាល់អាហ្នឹង ចេញមកស្រដៀងគ្នាហ្នឹងគាត់លែងទៅទៀត។ ឥឡូវហ្នឹងគោខ្ញុំ ១៣០គោហ្នឹង គឺបញ្ចូលទៅការ៉ហ្នឹងមិនបាច់ទៅមើលគាត់ទេ គ្រាន់តែស៊ីដើរទៅដល់ហ្នឹង គាត់ទច់ង៉ក់»។

សូមជម្រាបថាដោយសារការប្រើរបងខ្សែលួសមានចរន្តអគ្គិសនីនេះ ទើបលោក នូវ កាស៊ី ប្រើគោបាលតែម្នាក់ប៉ុណ្ណោះសម្រាប់ឃ្វាលហ្វូងគោរបស់លោកដល់ទៅ ជាង ១០០ក្បាលនេះ។

ស្តីពីចំណីរបស់គោ លោក នូវ កាស៊ី ឲ្យដឹងថាលោកបានដាំស្មៅផ្សេងៗជាច្រើនប្រភេទ ៖ «ពាក្យថាស្មៅមិនមែនមួយមុខទេ ច្រើនមុខណាស់ ហើយមិនត្រឹមប៉ុណ្ណឹងទៀត ស្មៅកន្លែងខ្ញុំហ្នឹង គឺមានបួនដប់ម្ភៃមុខមែន ខ្ញុំនៅយកស្មៅពីក្រៅទៅដាំបន្ថែម។ ព្រោះការសង្កេតរបស់ខ្ញុំគឺថា ក្នុងចំណោមគោវាមានគោទឹកដោះដែលត្រូវការស្មៅដែលផ្ដល់ទឹកដោះ ឲ្យកូន ហើយមានគោឈ្មោលដែលវាត្រូវការកម្លាំងត្រូវការសាច់ ស្មៅមួយបែបទៀត។ អ៊ីចឹងខ្ញុំដាំទាំងពីស្មៅដំរី ហើយមានស្មៅពីអាហ្រ្វិក ស្មៅផ្សេងៗទៀត រួមនឹងស្មៅក្នុងស្រុកយើងដែលមានស្មៅជើងក្រាស ដែលមានស្មៅម្រេច ដែលមានស្អីៗច្រើនមែនទែន។ ខ្ញុំសង្កេតឃើញថាពេលព្រឹកដែលបញ្ចេញគាត់ទៅ គាត់បិចស្មៅខ្ចីហើយ  ដល់ពេលម៉ោង ១១កន្លះ ត្រូវបញ្ចូលគាត់មកក្នុងកន្លែងសម្រាកម្ដងវិញ មួយម៉ោងមុនហ្នឹងគាត់លែងបិចស្មៅខ្ចីហើយ គាត់ចាប់ផ្ដើមបិចស្មៅជើងក្រាស និងស្មៅចាស់ៗម្ដង។ ខ្ញុំសង្កេតអ៊ីចឹងរាល់ពេលព្រឹកល្ងាចៗ ខ្ញុំសន្មតថាស្មៅខ្ចីមួយមុខមិនមែនជាចំណីគោទេ មានទាំងស្មៅចាស់ មានទាំងស្មៅរឹង។ ដល់យើងមកមើលក្បួនអ៊ីចឹងមែន គឺថាក្រពះគោទាំងបីទាំងបួនហ្នឹងត្រូវការស្មៅខ្ចី ត្រូវការស្មៅរឹងផង ដើម្បីចាក់សាច់ដុំក្រពះហ្នឹងឲ្យវាដើរ បើសិនជាម្ចាស់គោណាចិញ្ចឹមគោ ហើយច្រូតតែស្មៅខ្ចីឲ្យគោស៊ីតែមួយមុខ ក្រពះគោអត់ធ្វើការទេព្រោះវាអត់មានស្អីរឹងទៅចាក់ក្រពះវា ឲ្យសរសៃកន្រ្តាក់»។

បញ្ជាក់ពីសារសំខាន់នៃការផ្តល់ចំណីច្រើនមុខដល់សត្វចិញ្ចឹម ប្រភេទទំពាអៀងលោកអតីតរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នូវ កាស៊ី រៀបរាប់ប្រាប់ដូច្នេះ ៖ «សូមចាំថាកុំច្រូតតែស្មៅខ្ចីសុទ្ធ ហេតុអ្វីបានខ្ញុំថាអ៊ីចឹង? ខ្ញុំធ្លាប់ពិសោធ ខ្ញុំចិញ្ចឹមទន្សាយដែលជាសត្វទំពាអៀងដូចគ្នា ហើយខ្ញុំស្រលាញ់គាត់ណាស់ ព្រោះគាត់ល្អ ខ្ញុំចិញ្ចឹមទន្សាយជិត ២០ក្បាល ខ្ញុំឲ្យចំណីស្មៅខ្ចី ត្រកួនខ្ចី ពោតខ្ចី ឃើញថាគាត់ស៊ីសប្បាយល្អមែនទែនទាំងអស់ ប៉ុន្តែប្រហែលជា ៥អាទិត្យក្រោយមក គឺហើមពោះ ដោយសារអត់មានស្មៅរឹងទៅចាក់ក្រពះគាត់ឲ្យកន្រ្តាក់។ អ៊ីចឹងគឺស្មៅខ្ចីមិនមែនជាចំណីគោតែមួយមុខទេ ចំបើងក៏ជួយឲ្យក្រពះគោកន្រ្តាក់ដែរ ប៉ុន្តែចំបើងមានជាតិសម្រាប់ឲ្យធំលូតលាស់ហ្នឹងតែ ២-៣ភាគរយទេ បើស្មៅមាន៦,៧,៨ ដល់១២%។ ដល់ទៅស្លឹកក្ទម្ពទេសវិញ មានជាតិដែលឲ្យគោធំធាត់ដល់ទៅ ២៧ ទៅ ៣០%។ ក្ទម្ពទេសស្រួលដាំ ហើយខែប្រាំងខ្ទម្ពទេសដុះ ស្មៅងាប់ក្ទម្ពទេសដុះ ប៉ុន្តែសូមកុំឲ្យស៊ីក្ទម្ពទេសឲ្យសោះ ព្រោះស៊ីក្ពម្ពទេសសុទ្ធវាអាចមានជាតិពុលបន្តិចៗ ដែលធ្វើឲ្យគោស្រងល់ ប៉ុន្តែបើឲ្យស៊ីក្ទម្ពទេស ផ្លែក្ទម្ពទេសខ្ចីៗលាយជាមួយស្មៅ លាយជាមួយចំបើងល្អ ហើយវាជួយជម្រុះជាតិដង្កូវព្រូនចេញពីគោទៀត ព្រោះអីផ្លែក្ពម្ទទេសវាជាជាតិពុលតិចៗសម្រាប់ទម្លាក់ព្រូនថែម ទៀត»។

ក្រៅពីនេះដើម្បីបំប៉នគោឲ្យធំធាត់លោកប្រធានវិទ្យាស្ថាន សន្តិភាពនិងអភិវឌ្ឍន៍ សរុបសេចក្តីស្តីពីចំណីគោថា ៖ «ស៊ីស្មៅច្រើនមុខទាំងស្មៅរឹងស្មៅទន់ ហើយលាយក្ទម្ពទេស ស្លឹកក្ទម្ពទេស ទាំងខ្ចីទាំងចាស់ ជួលកាលកាច់ដោយទាំងមែកខ្ចីៗ ដោយទាំងផ្លែខ្ចីៗមកឲ្យគោស៊ីផង។ មិនដឹងជាជ្រុះព្រូនពីកាលណាទេ ប៉ុន្តែវាធាត់ល្អ ហើយម្សៅដំឡូងមីក៏អ៊ីចឹងដែរ លាយជាមួយនឹងចំណីគោ ឲ្យគោធាត់ល្អ។ ស្លឹកដំឡូង ត្រួយដំឡូង គោចូលចិត្តស៊ី កាច់ស្រស់មកហាលថ្ងៃ ២ម៉ោងឲ្យស្រពាប់ បានយកមកលាយជាមួយចំណី ប្រហែលជាស្លឹកដំឡូង ១៥ ទៅ២០ភាគរយ ចំណី ៨០% គោធាត់ដែរ ពីព្រោះអីវាមានប្រូតេអ៊ីនដល់ទៅ ២៧-២៨% នេះការពិសោធរបស់ខ្ញុំ»។

ពាក់ព័ន្ធនឹងការចិញ្ចឹមគោនេះ លោក នូវ កាស៊ី នៅមានបច្ចេកទេស និងល្បិចចិញ្ចឹមផ្សេងៗច្រើនទៀត ដូចជាការជ្រើសរើសកូនគោ ការថែទាំឲ្យមានសុខភាពល្អ ការឲ្យអាហារគោមេ ។ល។ ដែលនឹងលើកយកមកជម្រាបនៅគ្រាក្រោយ៕

ប្រភពព័ត៌មានៈ ក្រសួងកសិកម្ម

About sambath

I will make it as business and Interest for People

Posted on ខែ​ឧសភា 8, 2012, in King of Menu. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: